Monday, April 22, 2013

កូនមាសម្ដាយអើយ

កូនមាសម្ដាយអើយ
ដោយ អឿន សុខន
———————-
១. កូនមាសម្ដាយអើយ     ដីយើងអស់ហើយ      គេយកអភិវឌ្ឍ
បើម៉ែមិនចេញ      គេដេញធាក់ទាត់      លុះត្រាម៉ែរត់      ទើបផុតជីវិត ។
២. កូនមាសម្ដាយអើយ      យុត្តិធម៌អស់ហើយ      ដុល្លារបាំងបិទ
បើយើងអ្នកក្រ      អង្វរអាណិត      គេមិនខ្វល់គិត      ឈឺក្បាលគេទេ ។
៣. កូនមាសម្ដាយអើយ      ហិនហោចអស់ហើយ      បឹងបួរទន្លេ
លើដីក្រោមដី      សុទ្ធរបស់គេ      អស់ហើយទ្រព្យកេរ       ដូនតាបន្សល់ ។
៤. កូនមាសម្ដាយអើយ      ព្រៃយើងអស់ហើយ      ដោយទមិឡដៃដល់
វាកាប់រាល់ថ្ងៃ      ប្រល័យគ្មានសល់      ចិត្ដវាពិសពល      ល្បិចកលគ្រប់ស្នៀត ។
៥. កូនមាសម្ដាយអើយ      ដីយើងតូចហើយ      លក់ឱ្យគេទៀត
សូម្បីព្រំដែន      ខ្លាចគេបៀនបៀត      ឱ្យជាតិគេវាត      ឆ្លងចូលយ៉ាងងាយ ។
៦. កូនមាសម្ដាយអើយ      វប្បធម៌បាត់ហើយ      ស្ទើរតែរលាយ
បរទេសឆ្លងចូល      ផ្សែផ្សំឡំលាយ      ជាតិគង់មហន្ដរាយ      បើមិនគិតគូរ ។
៧. កូនមាសម្ដាយអើយ      វេលាដល់ហើយ      កុំបង្អង់យូរ
បញ្ចេញមតិ      ក្លាហានតស៊ូ      ក្រោកឈរផ្លាស់ប្ដូរ      ជួយជាតិយើងវិញ ។


គំនិតគួរពិចារណា


ចំណុចគួរពិចារណា
បកប្រែដោយ លោក អឿន សុខន




កូនប្រុស: "លោកប៉ា, តើអាចឱ្យកូនសុំសួរសំណួរមួយបានទេ ?"
ឪពុក: "បាន, តើកូនចង់សួរពីរឿងអី?"
កូនប្រុស: "លោកប៉ា, តើលោកប៉ា អាចរកប្រាក់បានប៉ុន្មាន ក្នុងមួយម៉ោង ?"
ប៉ា: "មិនមែនជារឿងដែលកូនត្រូវដឹងទេ ។  ចុះហេតុអី បានជាកូនសួរប៉ា រឿងបែបនេះទៅវិញ ?"
កូនប្រុស: "កូនគ្រាន់តែចង់ដឹងពីវា ។ សូមប៉ាប្រាប់កូនមក, តើប៉ា អាចរកប្រាក់បានប៉ុន្មាន ក្នុងមួយម៉ោង?"
ឪពុក: "បើកូនចង់ដឹងពីវាខ្លាំង, ប៉ាប្រាប់ទៅចុះ គឺប៉ាអាចរកបាន $១០០ ក្នុងមួយម៉ោង ។"
កូនប្រុស: "អូ! (កូនប្រុស អោនក្បាលចុះ)
កូនប្រុស: "លោកប៉ា, តើកូនអាចសុំខ្ចីលោកប៉ា  $៥០ សិនបានទេ ?"
ឪពុក ឆ្ងល់ណាស់ រួចតបទៅវិញៈ
ឪពុក: "បើហេតុផល ដែលឯងគ្រាន់តែសួរ ដើម្បីសុំខ្ចីលុយយើង ទៅទិញ​ល្បែង​លេង ឬក៏ របស់ឥត​បាន​ការផ្សេងទៀតនោះ, ឯងឆាប់ប្រញ៉ាប់ដើរទៅដេកនៅក្នុងបន្ទប់របស់ឯងឱ្យលឿនទៅ ។ ហើយ គិតផង ថាហេតុអីបានជាប៉ា កំណាញ់ដាក់ឯងយ៉ាងនេះ ។ ឬក៏ ប៉ាខំធ្វើការរកប្រាក់រាល់ថ្ងៃ សម្រាប់ តែមាយាទក្មេងខ្ចីដូចឯងនេះ ។"

ក្មេងតូច ដើរយ៉ាងស្ងៀមស្ងាត់ទៅកាន់បន្ទប់របស់គេ រួចក៏បិទទ្វារ ។
បុរសជាឪពុកអង្គុយចុះ ព្រមទាំងខឹងយ៉ាងខ្លាំងនូវសំណួរបស់កូនប្រុសដែលបានសួរគេ មុននេះ ។ ហេតុ​អី ក៏គេ​ហ៊ានសួរសំណួរបែបនេះ ដោយគ្រាន់តែចង់សុំលុយតែប៉ុណ្ណោះ​ ?

ប៉ុន្មានម៉ោងក្រោយមក, បុរសជាឪពុកក៏ឈប់ខឹង, ហើយចាប់ផ្ដើមគិតឡើងវិញ:
ប្រហែលជាមានរបស់អ្វីចាំបាច់ ដែលគេត្រូវការខ្លាំង ជាមួយនឹងលុយ $៥០ នេះហើយ ហើយគេ​មិនចង់សុំលុយច្រើនដងសម្រាប់ទិញវា ។ បុរសនោះ បានដើរទៅកាន់បន្ទប់កូនប្រុស រួចបើកទ្វារ ។

ឪពុក: "តើកូនគេងលក់ហើយឬនៅ, កូនប្រុស?"

កូនប្រុស: "អត់ទេប៉ា, កូនភ្ញាក់ហើយ ។".
ឪពុក: "ប៉ាបានគិតរួចហើយ, ប្រហែលមុននេះ ប៉ារាងខឹងដាក់កូនបន្ដិច ។ នេះលុយ $៥០ ដែលកូន​សុំប៉ា ។"

ក្មេងប្រុសតូច ក្រោកអង្គុយ រួចញញឹម ។
កូនប្រុស: "អូ, កូនអរគុណណាស់លោកប៉ា!"

បន្ទាប់មក គេក៏លូកដៃចូលក្រោមខ្នើយរបស់គេ  រួចទាញយកក្រដាសប្រាក់ដ៏ខ្ញីវខ្ញូវ មួយដុំ ។ បុរស ជាឪពុកនៅពេលឃើញកូនមានលុយរួចទៅហើយ ក៏ចាប់ផ្ដើមខឹងម្ដងទៀត ។ ឯក្មេងតូច អង្គុយរាប់ លុយគេមួយៗ បន្ទាប់មកមើលទៅកាន់មុខប៉ារបស់គេ ។

ឪពុក: "កូនមានលុយរួចទៅហើយ ហេតុអីបានចង់សុំលុយប៉ាទៀត ?"

កូនប្រុស: "ដោយសារ កូនមានមិនគ្រប់, តែឥឡូវកូនមានគ្រប់ចំនួនហើយ ។ "
"
លោកប៉ា, ពេលនេះ កូនមានលុយ $១០០ ហើយ ។ តើកូនអាច​សុំទិញ​ពេលវេលា​របស់​លោកប៉ា​មួយ​ម៉ោង តើបានទេ ? កូនសូមឱ្យថ្ងៃស្អែក លោកប៉ាត្រឡប់ពីធ្វើការមុនម៉ោង ព្រោះកូនចង់​ញ៉ាំ​បាយ​ពេល​ល្ងាច​ជុំគ្នា ជាមួយលោកប៉ា ។"

ឪពុករំជួលចិត្តយ៉ាងខ្លាំង ។ គាត់បានអោបកូនប្រុសតូចរបស់គាត់យ៉ាងណែន រួចសុំឱ្យកូន​អភ័យ​ទោសអោយខ្លួន ។

វាគ្រាន់តែជាការរំឮកខ្លីមួយ សម្រាប់អ្នកទាំងអស់គ្នាដែលខិតខំ​ធ្វើការយ៉ាង​សស្រាក់​សស្រាំនៅក្នុង​ជីវិត ។  យើងមិនគួរបណ្ដោយឱ្យពេលវេលារបស់យើងកន្លងទៅ តាមរយៈ ការគិតតែពីរឿងការងារ​ រកលុយ ដោយ​មិនបានចំណាយពេលវេលាខ្លះ សម្រាប់អ្នកដែលស្រឡាញ់យើង ឬអ្នកដែលនៅ​ជិតស្និទ្ធជាមួយ​យើង​នោះទេ ។ តើអ្នកអាចចំណាយលុយ $១០០ ដែលមាន​តម្លៃស្មើ​នឹងពេល​វេលា​ធ្វើការរបស់អ្នក សម្រាប់នរណាម្នាក់ដែលអ្នកស្រឡាញ់បានទេ ? ប្រសិនបើយើងស្លាប់នៅថ្ងៃស្អែក, ក្រុមហ៊ុនដែលយើងកំពុងតែធ្វើការឱ្យនោះ ងាយនឹងប្ដូរយើងចេញ ឬបំភ្លេចយើងគ្រប់ពេល ។  ប៉ុន្ដែគ្រួសារ និង​មិត្ដ​ភក្ដិ ដែលយើងមិនដែលខ្វល់ជាមួយសោះនោះ ពួកគេប្រាកដ​ជាមានអារម្មណ៍​បាត់បង់​យើង និងសោក​ស្ដាយយើងអស់មួយ​ជីវិត ។ ដូច្នេះ ចូរគិតឡើងវិញថា តើយើង​គួរ​ប្រើ​ពេល​វេលា​របស់​យើង សម្រាប់ការងារច្រើន ឬមួយក៏គ្រួសារច្រើនជាង ។

នៅមានអ្វីផ្សេងទៀត ដែលកាន់តែសំខាន់ជាងនេះ  ^_^

Sunday, April 7, 2013

ធីតាក្នុងសុបិន្ត

នឹក​ឃើញ កាល​ទៅ​លេង​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ, ខ្ញុំ​បាន​សាក​ល្បង​ចាក់គម្ពីរ​មើល​ជោគ​វាសនា​​ ពេល​នោះ លោក​តា​អាចារ្យ​បាន​និយាយ​ប្រាប់ ពី​ដំណើរ​ជីវិត​ទៅ​អនាគត​របស់​ខ្ញុំ តែ​រឿង​ដែល​ខ្ញុំ​នឹក​ឃើញ​ហើយ​ចេះ​តែ​ញញឹម​នោះ​គឺ ​ឃ្លា​ចុង​ក្រោយរបស់​គាត់​ថា “ខ្ញុំ​នឹង​បាន​ជួប​ទេព​ធីតា ហើយ​ក្លាយ​ជា​មហា​សេដ្ឋី” ។ ខ្ញុំ​ចេះ​តែ​គិត ហើយ​ចេះ​តែ​សើច​ម្នាក់​ឯង, តើ​អាច​ពិត​ឬទេ? តើ​ទេព​ធីតា​នោះ​ នៅ​ឯ​ណា? នៅ​ជិត​ឬ​ឆ្ងាយ? មាន​រូប​រាង​​បែប​ណា? តើ​ដូច​ជា​អ្នក​ដែល​ខ្ញុំ​កំពុង​សុបិន្ត​នេះ​ទេ? ហិហិហិ...

 

Friday, January 11, 2013

ស្ដាយក្រោយ

សម័យ​ទំនើប​កាន់តែ​ឈាន​ទៅ​មុខ មាន​ន័យ​ថា ឱកាស​សម្រាប់​អ្នក​ចង់​ចេះ ចង់​ដឹង ក៏​កាន់​តែ​សម្បួរ​បែប និង​ងាយ​ស្រួល ផង​ដែរ ។ តែ​ឱកាស​សម្រាប់​អ្នក​ចង់​សប្បាយ ហ៊ឺហា ក៏​មាន​ច្រើន​ដូច​គ្នា ដូចជា ការ​កំសាន្ដ​តាម​កាស៊ីណូ កន្លែង​ស៊ី​ផឹក ក្លឹប​ឌីស្កូ ខារ៉ាអូខេ ជាដើម ។ កន្លែង​ទាំង​អស់​នេះ អាច​ទាក់​ទាញ និង​បង្វក់​ស្មារតី យុវវ័យ​បាន​ដោយ​ងាយ​បំផុត ព្រោះ យុវវ័យ ជា​វ័យ​ដែល​យុវជន យុវតី កំពុង​ស្ថិត​ក្នុង​ការ​​ចង់ដឹង ចង់ស្គាល់ និង​ចង់សាក ។ មួយ​ភាគ​ធំ​នៃ​ពួកគេ ត្រូវ​បាន​អូស​ទាញ និង​ភ្លើត​ភ្លើន​ភ្លេច​ខ្លួន​​តាម​មិត្ត​ភក្កិ និង​មេ​ខ្យល់ ខ្លះ​អាច​ឈាន​ទៅ​ដល់​ការ​បោះបង់​ចោល​ការ​សិក្សា ដើរ​សេព​គ្រឿង​ញៀន វង្វេង​វង្វាន់​ស្មារតី រហូត​​ដល់​កើតមាន​អំពើ​អាណាចា្យ លួច ឆក់ ប្លន់ និង​ការ​​កាប់​​សម្លាប់ ផ្សេងៗ ជាដើម ។ លទ្ធផល​ចុង​ក្រោយ គ្មាន​អ្វី​ក្រៅ​ពី​ទឹក​ភ្នែក​​យំ​សោក​ស្ដាយ សង្គម​​ស្អប់​​ខ្ពើម ធ្លាក់​ខ្លួន​ក្រ​ រស់​ទាំង​ត្រដាប​​ត្រដួស ព្រោះ​គ្មាន​​ចំណេះ ជំនាញ​ក្នុង​​ខ្លួន ដូចគេ ។

Sunday, January 6, 2013

ជួបភ័ក្ត្រជំពាក់ស្នេហ៍

ហិហិហិ!!... សើចបន្លប់ការអៀនរបស់ខ្លួនឯងបន្ដិចសិន...

ពិបាក​និយាយ​ណាស់!!.. កើត​ជា​កូន​ប្រុស ឃើញ​ស្រី​ស្អាត​មិន​បាន​សោះ បើ​មិន​បាន​ងាក​មើល​បន្តិច​មិន​បាន​តែ​ម្ដង ។ ឃើញ​ហើយ មិន​ដឹង​ជា ស្រមើ​ស្រមៃ​អណ្ដែត​អណ្ដូង​ដល់​ណា​ខ្លះ​ទេ ។ នឹក​គិត​ថា បើ​បាន​ជា​គូ​គាប់​វិញ​ ច្បាស់​ជា​ថ្នាក់​ថ្នម បី​បម មិន​ឱ្យ​ឃ្លាត​មួយ​ជំហាន​នោះ​ឡើយ ។

តែ​អ្វីៗ​បាន​ត្រឹម​តែ​លួច​សម្លឹង លួច​ស្រឡាញ់ លួច​ក្នាញ់​ក្នុង​ចិត្ត លួច​កើត​ទុក្ខ​ទោ​ម្នេញ តែ​ម្នាក់​ឯង តែ​ប៉ុណ្ណោះ ។ មិន​ខុស​ពី​បទ​ចំរៀង លួច​ស្នេហ៍ លួច​ទុក្ខរបស់​អធិរាជ​សម្លេង​មាស ស៊ិន ស៊ីសាមុត នោះ​ឡើយ ។ ធម្មតា​ទេ អប្សរា​សួគ៌ា ប្រាកដ​ជា​សម​ជា​គូ​នឹង ទេវ​បុត្រ ជិះ​សេះ​ស​ហើយ មិន​មែន​គេ​មក​ស្ម័គ្រ​​ជាមួយ​​មាណព​​កំសត់​​ជិះ​ក្របី​ខ្មៅ​​នោះ​ទេ ។ តើ​ធ្វើ​ម្ដេច​ទៅ​ចឹង ទើប​អាច​សណ្ណំ​បន្ទន់​ចិត្ត ធីតា​សួគ៌ា នោះ​បាន? :(


រតនគិរី

ដំណើរ​កំសាន្ដ​លើក​ដំបូង​របស់​ខ្ញុំ ទៅ​កាន់​ខេត្ត​រតនគិរី បួន​យប់​ប្រាំ​ថ្ងៃ ពិត​មិន​សព្វ​កន្លែង​ឡើយ សម្រាប់​ដែន​ធម្មជាតិ​មួយ​នេះ ។ តែ​ទោះបី​កាយ​ឃ្លាត​មក​លឿន​ពេក​ក៏​ដោយ ក៏​ចិត្ត​នៅ​តែ​​ស្ថិត​ជាប់​ក្នុង​ទឹក​ដី​ដ៏​ផូរផង់​មួយ​នេះ​ដដែល ហើយ​តែង​តែ​ទទូច​ហៅ​ឱ្យ​ខ្ញុំ​វិល​​ទៅ​វិញ​​គ្រប់​ពេល ដើម្បី​រីករាយ​នឹង​ទី​កន្លែង​ដ៏​ស្រស់​ស្អាត​ដទៃ​ទៀត ។

រតនគិរី​ជាខេត្ត​មួយ ស្ថិត​​នៅ​​ភូមិ​ភាគ​​ឦសាន​​នៃ​​ប្រទេស​​កម្ពុជា ​មាន​ចម្ងាយ ​៥៨៨ គ.ម ពី​រាជធានី​​ភ្នំពេញ ។ ឋាន​មនោ​រម​​ដ៏​សុខ​សាន្ដ​​មួយ​នេះ​ សំបូរ​ទៅ​ដោយ​រតន​សម្បត្តិ​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​គ្រប់​ទីកន្លែង ដែល​អាច​សណ្ដំ​ចិត្ត​ភ្ញៀវ​​ទេសចរ​មក​ពី​​គ្រប់​ទី​​កន្លែង​ឱ្យ​ទន់​ចិត្ត មិន​ចង់​ឃ្លាត​ទៅ​ឆ្ងាយ​សោះ​ឡើយ ។ ជ្រោះ​អូរ ជ្រលង​ភ្នំ ទឹក​ធ្លាក់ និង​បឹង​​ធម្មជាតិ​នានា សុទ្ធ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​សម្រស់​ព្រៃ​ព្រឹក្សា​ពណ៌​ខៀវ​ស្រងាត់ អម​ជាមួយ សម្រែក​ស្រែក​ច្រៀង​ដ៏​កង​រំពង របស់​បក្សា​បក្សី​តូច​ធំ ដែល​កំពុង​​ប្រលែង​គ្នា​លេង​យ៉ាង​សប្បាយ​រីករាយ​ពី​មែក​ឈើ​មួយ​ទៅ​មែក​ឈើ​មួយ ។

វា​ជា​អនុស្សាវរីយ៍​ដ៏​សប្បាយ​រីករាយ​មួយ ក្នុង​ដែន​ធម្មជាតិ​ដ៏​ប្រណីត ដែល​អាច​ឱ្យ​ខ្ញុំ​បាន​សម្រាក​​លម្ហែ​កាយ ស្រូប​​យក​ខ្យល់​អាកាស​បរិសុទ្ធ ស្តាប់​សូរ​ទឹក​ធ្លាក់ និង​សម្លេង​ ស្រែក​យំ​នៃ​បក្សា​បក្សី ក្នុង​បរិយាកាស​ដ៏​ត្រជាក់​ត្រជុំ​ដែល​មិន​អាច​បំភ្លេច​បាន ។

ខាងក្រោម​នេះ ​ជា​កំណាព្យ​ទី២ របស់ខ្ញុំ សម្រាប់​មណ្ឌល​ធម្មជាតិ រតនគិរី :



Saturday, January 5, 2013

កំណាព្យស្នេហា

កម្រមាននរណា កើតមកមានបេះដូង តែគ្មានការស្រឡាញ់ ឬស្នេហានោះទេ ។ ហើយ​ក៏​មិន​ប្រាកដ ថា ទទួល​បាន​ជោគជ័យ​​គ្រប់គ្នា​នោះ​ដែរ ។ គ្រាន់​តែ អ្នក​ខ្លះ ហ៊ាន​បង្ហាញ​ប្រាប់ ឯ​ខ្លះ​មិន​ហ៊ាន​ប្រាប់​តែ​​ប៉ុណ្ណោះ ។ អាច​ថា ខ្ឡះ​គាត់​មិន​ចង់​រំលឹក​ពី​រឿង​ឈឺចាប់​តទៅ​ទៀត ខ្លះ​គាត់​ខ្លាច​ខ្មាស​គេ ឯ​ខ្លះ​ទៀត​​​មិន​ចង់​ឱ្យ​អ្នក​ផ្សេង បាន​ដឹង​ពី​ជីវិត​ស្នេហា​របស់​គេ​តែ​ប៉ុណ្ណោះ ។

ខាងក្រោមនេះ គ្រាន់តែជាប្រវត្តិស្នេហាអតីតកាល ដែលខ្ញុំបាន​ឆ្លង​កាត់​កាល​ពី​នៅ​មហា​វិទ្យាល័យ តែ​ប៉ុណ្ណោះ ។ វា​ជាស្នេហា​ដំបូង ដែល​បាន​ត្រឹម​តែ​លួច​ស្រឡាញ់​គេ ទាំង​មិន​ហ៊ាន​ប្រាប់​គេ​ឱ្យ​ដឹង​​នោះ​​ឡើយ ។ ចុង​ក្រោយ ក៏​ដាច់​ចិត្ត​ប្រាប់​គេ​ដែរ តែ​ត្រូវ​ក្អួត​ឈាម អត់​អំពើ ។ ពិបាក​ថា​ដែរ គេ​ជា​កូន​អ្នក​មាន​ធូរធារ សម្រស់ និង​ឥរិយាបថ ក៏​ល្អ​ប្រសើរ ឯ​ខ្លួន​ខ្ញុំ​វិញ មាន​ត្រឹម​តែ​ចំណេះ និង​បាន​រៀន​ពូកែ តែ​​គ្មាន​លុយ​ឡាន​នឹង​គេ ។ តែ​ក៏​ហួស​ចិត្ត​ខ្លះ​ដែរ បើ​គេ​មិន​ស្រឡាញ់​ម៉េច​មិន​ប្រាប់​ត្រង់ៗ​ទៅ ថា​គេ​​មាន​​​អ្នក​គេ​ស្រឡាញ់ ល្អូក​ល្អឺន​នឹង​គ្នា​មុន​ខ្ញុំ​ពីរ​បី​ឆ្នាំ​ហើយ ចាំ​បាច់​កុហក​ធ្វើ​អី (មិន​កុហក​ទេ គ្រាន់​តែ​​មិន​និយាយ​ការ​ពិត) ហើយ​ថែម​ទាំង​ធ្វើ​សកម្មភាព​ដូច​ស្និទ​ស្នាល​ណាស់ ឱ្យ​គេ​ច្រឡំ​ថា ជា​សង្សារ​ខ្ញុំ​ទៀត  ហ៊ឺស!! កាន់​តែ​និយាយ កាន់​តែ​ឈឺ​ចាប់... តិច​ក្អួត​ឈាម​ទៀត​ទៅ! ...

តែក៏ល្អដែរ វាក៏ជាបទពិសោធន៍មួយ ដែលធ្វើឱ្យខ្ញុំកាន់តែតស៊ូឡើងថែមមួយកំរិតទៀតដែរ ដើម្បី​សម្រេច​នូវ​ជោគ​ជ័យ​ក្នុង​ជីវិត ។ ម្យ៉ាងទៀត វាក៏ជាកម្លាំងមួយ ដែលធ្វើឱ្យខ្ញុំដាច់ចិត្ត​ ចាប់កាន់​ប៊ិច​ឡើង តែង​កំណាព្យ ជាលើកដំបូងដែរ... 

(អត់ដែលតែងសោះ ចាប់តែងម្ដង មាន២ មាន៣ មាន៤ ... តាហ្មង!!.. :D )