Monday, April 22, 2013

កូនមាសម្ដាយអើយ

កូនមាសម្ដាយអើយ
ដោយ អឿន សុខន
———————-
១. កូនមាសម្ដាយអើយ     ដីយើងអស់ហើយ      គេយកអភិវឌ្ឍ
បើម៉ែមិនចេញ      គេដេញធាក់ទាត់      លុះត្រាម៉ែរត់      ទើបផុតជីវិត ។
២. កូនមាសម្ដាយអើយ      យុត្តិធម៌អស់ហើយ      ដុល្លារបាំងបិទ
បើយើងអ្នកក្រ      អង្វរអាណិត      គេមិនខ្វល់គិត      ឈឺក្បាលគេទេ ។
៣. កូនមាសម្ដាយអើយ      ហិនហោចអស់ហើយ      បឹងបួរទន្លេ
លើដីក្រោមដី      សុទ្ធរបស់គេ      អស់ហើយទ្រព្យកេរ       ដូនតាបន្សល់ ។
៤. កូនមាសម្ដាយអើយ      ព្រៃយើងអស់ហើយ      ដោយទមិឡដៃដល់
វាកាប់រាល់ថ្ងៃ      ប្រល័យគ្មានសល់      ចិត្ដវាពិសពល      ល្បិចកលគ្រប់ស្នៀត ។
៥. កូនមាសម្ដាយអើយ      ដីយើងតូចហើយ      លក់ឱ្យគេទៀត
សូម្បីព្រំដែន      ខ្លាចគេបៀនបៀត      ឱ្យជាតិគេវាត      ឆ្លងចូលយ៉ាងងាយ ។
៦. កូនមាសម្ដាយអើយ      វប្បធម៌បាត់ហើយ      ស្ទើរតែរលាយ
បរទេសឆ្លងចូល      ផ្សែផ្សំឡំលាយ      ជាតិគង់មហន្ដរាយ      បើមិនគិតគូរ ។
៧. កូនមាសម្ដាយអើយ      វេលាដល់ហើយ      កុំបង្អង់យូរ
បញ្ចេញមតិ      ក្លាហានតស៊ូ      ក្រោកឈរផ្លាស់ប្ដូរ      ជួយជាតិយើងវិញ ។


No comments:

Post a Comment