សម័យទំនើបកាន់តែឈានទៅមុខ
មានន័យថា ឱកាសសម្រាប់អ្នកចង់ចេះ ចង់ដឹង ក៏កាន់តែសម្បួរបែប និងងាយស្រួល
ផងដែរ ។ តែឱកាសសម្រាប់អ្នកចង់សប្បាយ ហ៊ឺហា ក៏មានច្រើនដូចគ្នា ដូចជា ការកំសាន្ដតាមកាស៊ីណូ
កន្លែងស៊ីផឹក ក្លឹបឌីស្កូ ខារ៉ាអូខេ ជាដើម ។ កន្លែងទាំងអស់នេះ អាចទាក់ទាញ និងបង្វក់ស្មារតី
យុវវ័យបានដោយងាយបំផុត ព្រោះ យុវវ័យ ជាវ័យដែលយុវជន យុវតី កំពុងស្ថិតក្នុងការចង់ដឹង
ចង់ស្គាល់ និងចង់សាក ។ មួយភាគធំនៃពួកគេ ត្រូវបានអូសទាញ និងភ្លើតភ្លើនភ្លេចខ្លួនតាមមិត្តភក្កិ
និងមេខ្យល់ ខ្លះអាចឈានទៅដល់ការបោះបង់ចោលការសិក្សា ដើរសេពគ្រឿងញៀន វង្វេងវង្វាន់ស្មារតី
រហូតដល់កើតមានអំពើអាណាចា្យ លួច ឆក់ ប្លន់ និងការកាប់សម្លាប់ ផ្សេងៗ
ជាដើម ។ លទ្ធផលចុងក្រោយ គ្មានអ្វីក្រៅពីទឹកភ្នែកយំសោកស្ដាយ សង្គមស្អប់ខ្ពើម
ធ្លាក់ខ្លួនក្រ រស់ទាំងត្រដាបត្រដួស ព្រោះគ្មានចំណេះ ជំនាញក្នុងខ្លួន
ដូចគេ ។
Friday, January 11, 2013
Sunday, January 6, 2013
ជួបភ័ក្ត្រជំពាក់ស្នេហ៍
ហិហិហិ!!...
សើចបន្លប់ការអៀនរបស់ខ្លួនឯងបន្ដិចសិន...
ពិបាកនិយាយណាស់!!.. កើតជាកូនប្រុស
ឃើញស្រីស្អាតមិនបានសោះ បើមិនបានងាកមើលបន្តិចមិនបានតែម្ដង ។ ឃើញហើយ
មិនដឹងជា ស្រមើស្រមៃអណ្ដែតអណ្ដូងដល់ណាខ្លះទេ ។ នឹកគិតថា បើបានជាគូគាប់វិញ
ច្បាស់ជាថ្នាក់ថ្នម បីបម មិនឱ្យឃ្លាតមួយជំហាននោះឡើយ ។
តែអ្វីៗបានត្រឹមតែលួចសម្លឹង លួចស្រឡាញ់
លួចក្នាញ់ក្នុងចិត្ត លួចកើតទុក្ខទោម្នេញ តែម្នាក់ឯង តែប៉ុណ្ណោះ ។ មិនខុសពីបទចំរៀង
“លួចស្នេហ៍ លួចទុក្ខ” របស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត នោះឡើយ ។ ធម្មតាទេ អប្សរាសួគ៌ា ប្រាកដជាសមជាគូនឹង
ទេវបុត្រ ជិះសេះសហើយ មិនមែនគេមកស្ម័គ្រជាមួយមាណពកំសត់ជិះក្របីខ្មៅនោះទេ
។ តើធ្វើម្ដេចទៅចឹង ទើបអាចសណ្ណំបន្ទន់ចិត្ត ធីតាសួគ៌ា នោះបាន? :(
រតនគិរី
ដំណើរកំសាន្ដលើកដំបូងរបស់ខ្ញុំ ទៅកាន់ខេត្តរតនគិរី
បួនយប់ប្រាំថ្ងៃ ពិតមិនសព្វកន្លែងឡើយ សម្រាប់ដែនធម្មជាតិមួយនេះ ។ តែទោះបីកាយឃ្លាតមកលឿនពេកក៏ដោយ
ក៏ចិត្តនៅតែស្ថិតជាប់ក្នុងទឹកដីដ៏ផូរផង់មួយនេះដដែល ហើយតែងតែទទូចហៅឱ្យខ្ញុំវិលទៅវិញគ្រប់ពេល
ដើម្បីរីករាយនឹងទីកន្លែងដ៏ស្រស់ស្អាតដទៃទៀត ។
រតនគិរីជាខេត្តមួយ ស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា
មានចម្ងាយ ៥៨៨ គ.ម ពីរាជធានីភ្នំពេញ ។ ឋានមនោរមដ៏សុខសាន្ដមួយនេះ សំបូរទៅដោយរតនសម្បត្តិធម្មជាតិដ៏ស្រស់បំព្រងគ្រប់ទីកន្លែង
ដែលអាចសណ្ដំចិត្តភ្ញៀវទេសចរមកពីគ្រប់ទីកន្លែងឱ្យទន់ចិត្ត មិនចង់ឃ្លាតទៅឆ្ងាយសោះឡើយ
។ ជ្រោះអូរ ជ្រលងភ្នំ ទឹកធ្លាក់ និងបឹងធម្មជាតិនានា សុទ្ធហ៊ុមព័ទ្ធទៅដោយសម្រស់ព្រៃព្រឹក្សាពណ៌ខៀវស្រងាត់
អមជាមួយ សម្រែកស្រែកច្រៀងដ៏កងរំពង របស់បក្សាបក្សីតូចធំ ដែលកំពុងប្រលែងគ្នាលេងយ៉ាងសប្បាយរីករាយពីមែកឈើមួយទៅមែកឈើមួយ
។
វាជាអនុស្សាវរីយ៍ដ៏សប្បាយរីករាយមួយ ក្នុងដែនធម្មជាតិដ៏ប្រណីត
ដែលអាចឱ្យខ្ញុំបានសម្រាកលម្ហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្តាប់សូរទឹកធ្លាក់
និងសម្លេង ស្រែកយំនៃបក្សាបក្សី ក្នុងបរិយាកាសដ៏ត្រជាក់ត្រជុំដែលមិនអាចបំភ្លេចបាន
។
ខាងក្រោមនេះ ជាកំណាព្យទី២ របស់ខ្ញុំ សម្រាប់មណ្ឌលធម្មជាតិ
រតនគិរី :
Saturday, January 5, 2013
កំណាព្យស្នេហា
កម្រមាននរណា កើតមកមានបេះដូង តែគ្មានការស្រឡាញ់ ឬស្នេហានោះទេ ។ ហើយក៏មិនប្រាកដ ថា ទទួលបានជោគជ័យគ្រប់គ្នានោះដែរ ។ គ្រាន់តែ អ្នកខ្លះ ហ៊ានបង្ហាញប្រាប់ ឯខ្លះមិនហ៊ានប្រាប់តែប៉ុណ្ណោះ ។ អាចថា ខ្ឡះគាត់មិនចង់រំលឹកពីរឿងឈឺចាប់តទៅទៀត ខ្លះគាត់ខ្លាចខ្មាសគេ ឯខ្លះទៀតមិនចង់ឱ្យអ្នកផ្សេង បានដឹងពីជីវិតស្នេហារបស់គេតែប៉ុណ្ណោះ ។
ខាងក្រោមនេះ គ្រាន់តែជាប្រវត្តិស្នេហាអតីតកាល ដែលខ្ញុំបានឆ្លងកាត់កាលពីនៅមហាវិទ្យាល័យ តែប៉ុណ្ណោះ ។ វាជាស្នេហាដំបូង ដែលបានត្រឹមតែលួចស្រឡាញ់គេ ទាំងមិនហ៊ានប្រាប់គេឱ្យដឹងនោះឡើយ ។ ចុងក្រោយ ក៏ដាច់ចិត្តប្រាប់គេដែរ តែត្រូវក្អួតឈាម អត់អំពើ ។ ពិបាកថាដែរ គេជាកូនអ្នកមានធូរធារ សម្រស់ និងឥរិយាបថ ក៏ល្អប្រសើរ ឯខ្លួនខ្ញុំវិញ មានត្រឹមតែចំណេះ និងបានរៀនពូកែ តែគ្មានលុយឡាននឹងគេ ។ តែក៏ហួសចិត្តខ្លះដែរ បើគេមិនស្រឡាញ់ម៉េចមិនប្រាប់ត្រង់ៗទៅ ថាគេមានអ្នកគេស្រឡាញ់ ល្អូកល្អឺននឹងគ្នាមុនខ្ញុំពីរបីឆ្នាំហើយ ចាំបាច់កុហកធ្វើអី (មិនកុហកទេ គ្រាន់តែមិននិយាយការពិត) ហើយថែមទាំងធ្វើសកម្មភាពដូចស្និទស្នាលណាស់ ឱ្យគេច្រឡំថា ជាសង្សារខ្ញុំទៀត ហ៊ឺស!! កាន់តែនិយាយ កាន់តែឈឺចាប់... តិចក្អួតឈាមទៀតទៅ! ...
តែក៏ល្អដែរ វាក៏ជាបទពិសោធន៍មួយ ដែលធ្វើឱ្យខ្ញុំកាន់តែតស៊ូឡើងថែមមួយកំរិតទៀតដែរ ដើម្បីសម្រេចនូវជោគជ័យក្នុងជីវិត ។ ម្យ៉ាងទៀត វាក៏ជាកម្លាំងមួយ ដែលធ្វើឱ្យខ្ញុំដាច់ចិត្ត ចាប់កាន់ប៊ិចឡើង តែងកំណាព្យ ជាលើកដំបូងដែរ...
(អត់ដែលតែងសោះ ចាប់តែងម្ដង មាន២ មាន៣ មាន៤ ... តាហ្មង!!.. :D )
Subscribe to:
Posts (Atom)