Monday, April 22, 2013

កូនមាសម្ដាយអើយ

កូនមាសម្ដាយអើយ
ដោយ អឿន សុខន
———————-
១. កូនមាសម្ដាយអើយ     ដីយើងអស់ហើយ      គេយកអភិវឌ្ឍ
បើម៉ែមិនចេញ      គេដេញធាក់ទាត់      លុះត្រាម៉ែរត់      ទើបផុតជីវិត ។
២. កូនមាសម្ដាយអើយ      យុត្តិធម៌អស់ហើយ      ដុល្លារបាំងបិទ
បើយើងអ្នកក្រ      អង្វរអាណិត      គេមិនខ្វល់គិត      ឈឺក្បាលគេទេ ។
៣. កូនមាសម្ដាយអើយ      ហិនហោចអស់ហើយ      បឹងបួរទន្លេ
លើដីក្រោមដី      សុទ្ធរបស់គេ      អស់ហើយទ្រព្យកេរ       ដូនតាបន្សល់ ។
៤. កូនមាសម្ដាយអើយ      ព្រៃយើងអស់ហើយ      ដោយទមិឡដៃដល់
វាកាប់រាល់ថ្ងៃ      ប្រល័យគ្មានសល់      ចិត្ដវាពិសពល      ល្បិចកលគ្រប់ស្នៀត ។
៥. កូនមាសម្ដាយអើយ      ដីយើងតូចហើយ      លក់ឱ្យគេទៀត
សូម្បីព្រំដែន      ខ្លាចគេបៀនបៀត      ឱ្យជាតិគេវាត      ឆ្លងចូលយ៉ាងងាយ ។
៦. កូនមាសម្ដាយអើយ      វប្បធម៌បាត់ហើយ      ស្ទើរតែរលាយ
បរទេសឆ្លងចូល      ផ្សែផ្សំឡំលាយ      ជាតិគង់មហន្ដរាយ      បើមិនគិតគូរ ។
៧. កូនមាសម្ដាយអើយ      វេលាដល់ហើយ      កុំបង្អង់យូរ
បញ្ចេញមតិ      ក្លាហានតស៊ូ      ក្រោកឈរផ្លាស់ប្ដូរ      ជួយជាតិយើងវិញ ។


គំនិតគួរពិចារណា


ចំណុចគួរពិចារណា
បកប្រែដោយ លោក អឿន សុខន




កូនប្រុស: "លោកប៉ា, តើអាចឱ្យកូនសុំសួរសំណួរមួយបានទេ ?"
ឪពុក: "បាន, តើកូនចង់សួរពីរឿងអី?"
កូនប្រុស: "លោកប៉ា, តើលោកប៉ា អាចរកប្រាក់បានប៉ុន្មាន ក្នុងមួយម៉ោង ?"
ប៉ា: "មិនមែនជារឿងដែលកូនត្រូវដឹងទេ ។  ចុះហេតុអី បានជាកូនសួរប៉ា រឿងបែបនេះទៅវិញ ?"
កូនប្រុស: "កូនគ្រាន់តែចង់ដឹងពីវា ។ សូមប៉ាប្រាប់កូនមក, តើប៉ា អាចរកប្រាក់បានប៉ុន្មាន ក្នុងមួយម៉ោង?"
ឪពុក: "បើកូនចង់ដឹងពីវាខ្លាំង, ប៉ាប្រាប់ទៅចុះ គឺប៉ាអាចរកបាន $១០០ ក្នុងមួយម៉ោង ។"
កូនប្រុស: "អូ! (កូនប្រុស អោនក្បាលចុះ)
កូនប្រុស: "លោកប៉ា, តើកូនអាចសុំខ្ចីលោកប៉ា  $៥០ សិនបានទេ ?"
ឪពុក ឆ្ងល់ណាស់ រួចតបទៅវិញៈ
ឪពុក: "បើហេតុផល ដែលឯងគ្រាន់តែសួរ ដើម្បីសុំខ្ចីលុយយើង ទៅទិញ​ល្បែង​លេង ឬក៏ របស់ឥត​បាន​ការផ្សេងទៀតនោះ, ឯងឆាប់ប្រញ៉ាប់ដើរទៅដេកនៅក្នុងបន្ទប់របស់ឯងឱ្យលឿនទៅ ។ ហើយ គិតផង ថាហេតុអីបានជាប៉ា កំណាញ់ដាក់ឯងយ៉ាងនេះ ។ ឬក៏ ប៉ាខំធ្វើការរកប្រាក់រាល់ថ្ងៃ សម្រាប់ តែមាយាទក្មេងខ្ចីដូចឯងនេះ ។"

ក្មេងតូច ដើរយ៉ាងស្ងៀមស្ងាត់ទៅកាន់បន្ទប់របស់គេ រួចក៏បិទទ្វារ ។
បុរសជាឪពុកអង្គុយចុះ ព្រមទាំងខឹងយ៉ាងខ្លាំងនូវសំណួរបស់កូនប្រុសដែលបានសួរគេ មុននេះ ។ ហេតុ​អី ក៏គេ​ហ៊ានសួរសំណួរបែបនេះ ដោយគ្រាន់តែចង់សុំលុយតែប៉ុណ្ណោះ​ ?

ប៉ុន្មានម៉ោងក្រោយមក, បុរសជាឪពុកក៏ឈប់ខឹង, ហើយចាប់ផ្ដើមគិតឡើងវិញ:
ប្រហែលជាមានរបស់អ្វីចាំបាច់ ដែលគេត្រូវការខ្លាំង ជាមួយនឹងលុយ $៥០ នេះហើយ ហើយគេ​មិនចង់សុំលុយច្រើនដងសម្រាប់ទិញវា ។ បុរសនោះ បានដើរទៅកាន់បន្ទប់កូនប្រុស រួចបើកទ្វារ ។

ឪពុក: "តើកូនគេងលក់ហើយឬនៅ, កូនប្រុស?"

កូនប្រុស: "អត់ទេប៉ា, កូនភ្ញាក់ហើយ ។".
ឪពុក: "ប៉ាបានគិតរួចហើយ, ប្រហែលមុននេះ ប៉ារាងខឹងដាក់កូនបន្ដិច ។ នេះលុយ $៥០ ដែលកូន​សុំប៉ា ។"

ក្មេងប្រុសតូច ក្រោកអង្គុយ រួចញញឹម ។
កូនប្រុស: "អូ, កូនអរគុណណាស់លោកប៉ា!"

បន្ទាប់មក គេក៏លូកដៃចូលក្រោមខ្នើយរបស់គេ  រួចទាញយកក្រដាសប្រាក់ដ៏ខ្ញីវខ្ញូវ មួយដុំ ។ បុរស ជាឪពុកនៅពេលឃើញកូនមានលុយរួចទៅហើយ ក៏ចាប់ផ្ដើមខឹងម្ដងទៀត ។ ឯក្មេងតូច អង្គុយរាប់ លុយគេមួយៗ បន្ទាប់មកមើលទៅកាន់មុខប៉ារបស់គេ ។

ឪពុក: "កូនមានលុយរួចទៅហើយ ហេតុអីបានចង់សុំលុយប៉ាទៀត ?"

កូនប្រុស: "ដោយសារ កូនមានមិនគ្រប់, តែឥឡូវកូនមានគ្រប់ចំនួនហើយ ។ "
"
លោកប៉ា, ពេលនេះ កូនមានលុយ $១០០ ហើយ ។ តើកូនអាច​សុំទិញ​ពេលវេលា​របស់​លោកប៉ា​មួយ​ម៉ោង តើបានទេ ? កូនសូមឱ្យថ្ងៃស្អែក លោកប៉ាត្រឡប់ពីធ្វើការមុនម៉ោង ព្រោះកូនចង់​ញ៉ាំ​បាយ​ពេល​ល្ងាច​ជុំគ្នា ជាមួយលោកប៉ា ។"

ឪពុករំជួលចិត្តយ៉ាងខ្លាំង ។ គាត់បានអោបកូនប្រុសតូចរបស់គាត់យ៉ាងណែន រួចសុំឱ្យកូន​អភ័យ​ទោសអោយខ្លួន ។

វាគ្រាន់តែជាការរំឮកខ្លីមួយ សម្រាប់អ្នកទាំងអស់គ្នាដែលខិតខំ​ធ្វើការយ៉ាង​សស្រាក់​សស្រាំនៅក្នុង​ជីវិត ។  យើងមិនគួរបណ្ដោយឱ្យពេលវេលារបស់យើងកន្លងទៅ តាមរយៈ ការគិតតែពីរឿងការងារ​ រកលុយ ដោយ​មិនបានចំណាយពេលវេលាខ្លះ សម្រាប់អ្នកដែលស្រឡាញ់យើង ឬអ្នកដែលនៅ​ជិតស្និទ្ធជាមួយ​យើង​នោះទេ ។ តើអ្នកអាចចំណាយលុយ $១០០ ដែលមាន​តម្លៃស្មើ​នឹងពេល​វេលា​ធ្វើការរបស់អ្នក សម្រាប់នរណាម្នាក់ដែលអ្នកស្រឡាញ់បានទេ ? ប្រសិនបើយើងស្លាប់នៅថ្ងៃស្អែក, ក្រុមហ៊ុនដែលយើងកំពុងតែធ្វើការឱ្យនោះ ងាយនឹងប្ដូរយើងចេញ ឬបំភ្លេចយើងគ្រប់ពេល ។  ប៉ុន្ដែគ្រួសារ និង​មិត្ដ​ភក្ដិ ដែលយើងមិនដែលខ្វល់ជាមួយសោះនោះ ពួកគេប្រាកដ​ជាមានអារម្មណ៍​បាត់បង់​យើង និងសោក​ស្ដាយយើងអស់មួយ​ជីវិត ។ ដូច្នេះ ចូរគិតឡើងវិញថា តើយើង​គួរ​ប្រើ​ពេល​វេលា​របស់​យើង សម្រាប់ការងារច្រើន ឬមួយក៏គ្រួសារច្រើនជាង ។

នៅមានអ្វីផ្សេងទៀត ដែលកាន់តែសំខាន់ជាងនេះ  ^_^

Sunday, April 7, 2013

ធីតាក្នុងសុបិន្ត

នឹក​ឃើញ កាល​ទៅ​លេង​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ, ខ្ញុំ​បាន​សាក​ល្បង​ចាក់គម្ពីរ​មើល​ជោគ​វាសនា​​ ពេល​នោះ លោក​តា​អាចារ្យ​បាន​និយាយ​ប្រាប់ ពី​ដំណើរ​ជីវិត​ទៅ​អនាគត​របស់​ខ្ញុំ តែ​រឿង​ដែល​ខ្ញុំ​នឹក​ឃើញ​ហើយ​ចេះ​តែ​ញញឹម​នោះ​គឺ ​ឃ្លា​ចុង​ក្រោយរបស់​គាត់​ថា “ខ្ញុំ​នឹង​បាន​ជួប​ទេព​ធីតា ហើយ​ក្លាយ​ជា​មហា​សេដ្ឋី” ។ ខ្ញុំ​ចេះ​តែ​គិត ហើយ​ចេះ​តែ​សើច​ម្នាក់​ឯង, តើ​អាច​ពិត​ឬទេ? តើ​ទេព​ធីតា​នោះ​ នៅ​ឯ​ណា? នៅ​ជិត​ឬ​ឆ្ងាយ? មាន​រូប​រាង​​បែប​ណា? តើ​ដូច​ជា​អ្នក​ដែល​ខ្ញុំ​កំពុង​សុបិន្ត​នេះ​ទេ? ហិហិហិ...